ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​

 ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​

ទ្រព្យ​សម្ប​ត្តិ​រក​បាន​មក​ហើយ​ មិនមែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​គួ​រ​តែ​ឲ្យ​អស់​ទៅ​ក្នុង​ហេតុ​ដែល​គួរ​អស់​ ។ ព្រះ​ពុទ្ធ​សាសនា​IMG_5283បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ដែ​ល​​មាន​ជា​ ៤ ចំណែក​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​គឺ​


១. ចិញ្ចឹម​ជី​វិត​ខ្លួន​ឯង​ មាតា​បិតា​ បុត្រ​ ភរិ​យា​ ឬ​ទាស​កម្ម​ករ​ដែល​នៅ​ជា​មួយ​ខ្លួន​ ។

២. ចា​យ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃ​ឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេ​ច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោ​រ​ជា​ដើម​ ។

៣. ចាត់​ចែង​ សម្រាប់​ជួ​យ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ ដែល​មក​អំពី​ចម្ងាយ​… (​សំដៅ​ដល់​ពលី ៥ យ៉ាង​ មាន​ញាតិ​ពលី​ជា​ដើម ) ។

៤. ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​ ។


ការ​អស់​ទៅ​នៃ​ទ្រ​ព្យ​សម្បត្តិ​ តាម​វិធី​ដែល​រៀប​រាប់​មក​នេះ​ ឈ្មោះ​ថា​អស់​ទៅ​ដោយ​ប្រពៃ​ មិន​គួរ​ឲ្យ​សោក​ស្តាយ​ឡើយ​ តែ​ដែល​អស់​ទៅ​ហើយ​ ថែមទាំង​គួរ​ឲ្យ​រង្គៀស​នោះ គឺ​សំ​ដៅ​យក​ការ​ចំណាយ​ប្រាក់​ ក្នុង​រឿង​អបាយ​មុខ​ផ្សេង​ៗ​ ដូច​ជា​


– ចំណា​យ​ក្នុង​ការ​ដើរ​លេង​ស្រី

– ចំណាយ​ក្នុងការ​ផឹក​ទឹក​ស្រវឹង​ និង​សេព​គ្រឿង​ញៀន​ផ្សេងៗ

– ចំណាយ​ក្នុងការ​សប្បាយ​បរិ​ភោគ​ ក្នុង​ភាព​ជា​អ្នកលេង​ស៊ី

– ចំណាយ​ក្នុង​ការ​លេង​ល្បែង​ស៊ី​សង​

– ចំណាយ​ក្នុង​ការ​ដើ​លេង​តាម​ច្រក​ល្ហក​រឿយ​ៗ​ នៅ​ពេល​យប់​ព្រលប់

– ចំណាយ​ក្នុង​ការ​ដើរ​មើ​ល​មហោសព្រ​ ឬ​ល្បែង​ច្រៀង​រាំ​រឿយ​ៗ​

– ប្រកប​រឿយ​ៗ​ នូវ​សេចក្តីខ្ជិល​ច្រអូស​

– សេពគប់​បាបមិត្ត​ ។


សេចក្តី​ដូច​បាន​រៀប​រាប់​មក​​ខាង​លើ​នេះ​ សុទ្ធ​តែ​ជា​អបាយ​មុខ​ទាំង​អស់​ បូ​រាណ​ពោ​ល​ថា​ ” អបាយ​មុខ​ ជង្រុក​ហិន ” ដូច្នេះ​ត្រូវ​តែ​ជៀស​វាង​ឲ្យ​ឆ្ងាយ​ បើ​មិន​ដូច្នោះ​ទេ​ ពិត​ជា​បង់​ទាំង​ទ្រព្យ​ អភ័ព្វ​ទាំង​បុណ្យ​ និង​ធ្ងន់​ដោយ​បាប​មិន​ខាន​ ។


ជីវិត​របស់​យើង​ម្នាក់​ៗ​ មាន​តម្លៃ​ណាស់​សម្រាប់​រង្វង់​ក្រុម​គ្រួសារ​ ។ ស្វា​មី​ភរិយា​ តែង​តែ​ត្រូ​វ​ការ​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​និង​គ្នា​ កូន​ប្រុស​ស្រី​ តែ​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​ឪពុក​ម្តាយ​ ចំណែកឪពុក​ម្តាយ​ ក៏​ត្រូវ​ការ​នូវ​ភាព​ឱន​លំទោន​និង​ការ​ស្តាប់​បង្គាប់​ពី​កូន​វិញ​ដែរ​ ។


ដូច្នេះ​ បើ​សមា​ជិក​នីមួយ​ៗ​ នៃ​ក្រុម​គ្រួ​សារ​ណា​ មិន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ចំណាយ​ក្នុង​រឿង​អ​បាយ​មុខ​ផ្សេងៗ​ ទេ​ ក្រុម​គ្រួ​សារ​នោះ​ ពិ​ត​ជា​មាន​សុភ​មង្គល​ មិ​ន​មាន​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ឡើយ​ ។


ការ​ចិញ្ចឹម​ជី​វិត​ស្មើ​នេះ​ សំ​ដៅ​ដល់​ការ​ដឹង​ប្រ​មាណ​ក្នុង​ការ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ មិន​ខ្ជះ​ខ្ជាយ​ ឬ​ថា​មិន​ហ៊ឺ​ហា​តាម​សម័យ​ គឺ​ចេះ​សម្លឹង​មើ​ល​កាល​ជា​អនា​គត​ ព្រោះ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ការ​កើត​មក​ពេញ​លក្ខណៈ​ជា​មនុស្ស​ បើ​មិន​ស្លាប់​ពី​ក្មេង​ទេ​ គង់​តែ​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ក្រុម​គ្រួ​សារ​មិន​ខាន​ ហើយ​អ្នក​ដែល​អាចគ្រប់​គ្រង​ក្រុម​គ្រួ​សារ​បាន​ល្អ​ មិន​មែន​ជា​មនុស្ស​ខ្ជះ​ខ្ជាយ​ ឬ​ថា​ ជា​មនុស្ស​គ្មាន​គំនិត​ឡើយ​ ។


ការ​ចេះ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ទៅ​តាម​គន្លង​ធម៌​គឺ​ជា​ពរ​ដ៏​ប្រសើរ​ សម្រាប់​ឃ​រាវាស​ គ្រប់គ្នា​ ។


ស្រង់​ចេញ​ពី​សៀវ​ភៅ ” ប្រយោ​ជន៍​បី​ប្រ​ការ​ ” រៀប​រៀង​ដោយ​ ភិក្ខុ​វជិរប្បញ្ញោ​ សាន-សុជា

Previous Post Next Post